ក្រុមហ៊ុន អ អឹម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខរថយន្តដ៏ធំមួយក្នុងប្រទេសកម្ពុជា បានទទួលសិទ្ធិផ្ដាច់មុខក្នុងការលក់ និងផ្ដល់សេវាកម្មថែទាំ ជួសជុលរថយន្តម៉ាក Peugeot។ នេះបើយោងតាមសន្និសីទសារព័ត៌មានស្តីពី សិទ្ធិផ្ដាច់មុខក្នុងការលក់ និង ផ្តល់សេវាកម្មថែទាំ ជួសជុលរថយន្ត Peugeot រៀបចំដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។

ការទទួលសិទ្ធិផ្ដាច់របស់ក្រុមហ៊ុន RMA នេះជាលើកទី១ឬ?
នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខលើការនាំចូល និងថែទាំជួសជុលរថយន្ត ជាក់ស្ដែង កន្លងទៅ RMA Cambodia ធ្លាប់ទទួលបានសិទ្ធិផ្ដាច់មុខនាំចូលរថយន្តជាច្រើនដូចជា៖ រថយន្ត Mercedes-Benz, Range Rover និង Defender ជាដើម។
ថ្លែងឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងថា៖ អ្នកប្រើប្រាស់រថយន្ត Peugeot កុំមានការព្រួយបារម្ភចំពោះការធានារថយន្តនេះអី ព្រោះពុំមានភាពមិនប្រក្រតីណាមួយលើការផ្ដល់សេវាកម្មថែទាំ ឬជួសជុលរថយន្តម៉ាកនេះនៅកម្ពុជានោះឡើយ។

លោកថា៖ សម្រាប់អ្នកប្រើប្រាស់រថយន្ត Peugeot នៅពេលមានបញ្ហាខូចនៅតាមបណ្ដាខេត្តណាមួយ គឺក្រុមហ៊ុន RMA Cambodia មានយានដ្ឋាននៅតាមបណ្ដាខេត្តដែលអាចផ្ដល់ការជួសជុលដល់អតិថិជនបាន។
គួរកត់សម្គាល់ថា រថយន្តម៉ាក Peugeot កំពុងមានបង្ហាញវត្តមានកាន់តែច្រើននៅលើទីផ្សាររថយន្តនៅកម្ពុជា ដោយផ្តល់នូវការរចនាជារចនាបថបែបអ៊ឺរ៉ុប ជាមួយនឹងការប្រើប្រាស់បានយូរ។ ក្រុមហ៊ុនផលិតរថយន្តពីបារាំងនេះ បានទាក់ទាញការចាប់អារម្មណ៍ដោយសាររថយន្តដែលមានគុណភាពខ្ពស់ ជាពិសេសក្នុងនាមជារថយន្តប្រភេទ SUV ដែលសមស្របសម្រាប់អ្នកបើកបរនៅកម្ពុជា ដែលកំពុងស្វែងរករថយន្តទំនើប និងសន្សំសំចៃប្រេង។

ស៊េរីរថយន្ត Peugeot 2008, 3008 និង 5008 នៅកម្ពុជា គឺជាជម្រើសដ៏ល្អសម្រាប់គ្រួសារ និងអ្នកជំនួញដែលចង់បានភាពស្រួលនឹងការបើកបរ និងដំណើរការ។ រថយន្តទាំងនេះល្បីល្បាញដោយសារការរចនាដ៏ទាក់ទាញ បច្ចេកវិទ្យាឈានមុខ និងលក្ខណៈសុវត្ថិភាពខ្ពស់ ដែលធ្វើឱ្យពួកវាក្លាយជាជម្រើសប្រកួតប្រជែងក្នុងទីផ្សាររថយន្ត SUVកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន RMA Cambodia មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។ ជាពិសេស កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន RMA Cambodia បានសម្ពោធរោងចក្របង្គុំ និងដំឡើងរថយន្ត Ford ប្រភេទ Ford Ranger និង Ford Everest របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ២១ លានដុល្លារ នៅលើទឹកដីខេត្តពោធិ៍សាត់។
ក្រុមហ៊ុន RMA CAMBODIA បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្តម៉ាក FORD, JAGUAR LAND ROVER, CHANGAN, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, រថយន្ត និងឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុន COMIN KHMERE ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម, ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget, ក្រុមហ៊ុនកង់បីអ៊ីតាលីម៉ាក Piaggio, ក្រុមហ៊ុនចំណីអាហារ EFG ដែលមានក្រុមហ៊ុន The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ Hungry App៕